រឿងប្រឌិត ភ្លឺស្រែចាក់បេតុង
កាលពីសម័យបោះឆ្នោតនៅអាណត្តិមួយនោះ មានគណបក្សមួយបានឃោសនា ពីការអភិវឌ្ឍប្រទេស ពីការអភិវឌ្ឍលើវិស័យកសិកម្ម វិស័យនេះ វិស័យនោះ ក្នុងនោះមានចំនុចមួយនោះ គាត់បានលើកឡើងថា បើគណបក្សគាត់ជាប់ឆ្នោត គាត់នឹងចាក់បេតុងនៅតាមភ្លឺស្រែនានា។ ម៉ែអាថ្លែនអ្ហើយ តាំងពីកើតពីពោះម៉ែ ម៉ោមិនដែលលឺម៉ែអាណា ថាភ្លឺស្រែចាក់បេតុងទេ រកតែបេតុងធ្វើផ្ទះមិនបានផង បែរជាយកបេតុង មកចាក់នៅតាមភ្លឺស្រែ។ ហើយស្រែមានទៅតិចអីលោកអ្ហើយ ប្រជាជន ៨០%ជាកសិករធ្វើកសិកម្ម។ ហ៊ឹះ ខ្ញុំមិនភ្លើបោះឆ្នោតឲ្យទេ ហើយទោះបីជួលទៀតក៏មិនបោះឲ្យដែរ បងប្អូន ញាតិមិត្ត ជីដូនជីតាខ្ញុំក៏ដូចគ្នា។
មានអី អាណត្តិនោះគាត់អត់ជាប់ឆ្នោតផង គឺមកពីប្រជាជនគ្មាននរណាល្ងង់ចាញ់បោកពួកហ្នឹងទេ។ គិតទៅប្រជាជននៅប្រទេសខ្ញុំគឺសុទ្ធតែឆ្លាតៗហ្មង។
ជិត២០ឆ្នាំហើយ ខ្ញុំក៏ដឹងដែរ ថាលើលោកនេះពិតជាមានភ្លឺស្រែចាក់បេតុងមែន! ចំណែកប្រទេសខ្ញុំ នៅតែធ្វើកសិកម្ម ពឹងលើរនាស់នង្គ័ល ប្រឡាយដែលគ្មានទឹក ពេលត្រូវការទឹកដាក់ស្រែ គឺត្រូវ ចំណាយលុយច្រើនលើការជួលម៉ាស៊ីនបូមទឹក ស្របពេលដែលសាំងមានតម្លៃខ្ពស់ ដំណាំកសិផល មានតម្លៃទាប។ ហើយមកដល់ពេលនេះ ឆ្នាំ ២០១៤ ប្រទេសខ្ញុំមិនមែនជា ប្រទេសឧស្សាហកម្ម រឹតតែមិនមែនជាប្រទេសដែលមានការរីកចម្រើនខាងសេដ្ឋកិច្ច តែផលិតផលកសិកម្ម ស្ទើរគ្រប់ជ្រុង សុទ្ធតែនាំចូលពីប្រទេសជិតឆ្ងាយនានា។